khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង នៃវិមាន ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករានេះ មានការឡើងធ្វើសេចក្តីរាយការណ៍អំពី លទ្ធផលការងារប្រចាំខែមករា និងលើកទិកដៅការងារខែកុម្ភៈ ឆ្នាំ២០២០២ ដោយប្រធាននាយកដ្ឋានស្រាវជ្រាវទូទៅ ប្រធាននាយកដ្ឋានបុគ្គលិក និងប្រធាននាយកដ្ឋានព័ត៌មាន។បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់នាយដ្ឋានទាំងបីរួចមក ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពី សភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយកត់សម្គាល់ឃើញថា នាខែមករានេះ គឺជាខែដើមនៃឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានការងារមមាញឹកជាច្រើននៅគ្រប់ការដ្ឋាន ដើម្បីបញ្ចប់ការងារដែលនៅសេសសល់កាលពីឆ្នាំ២០១៩។ ម្យ៉ាងទៀត នេះគឺជាជំហានដំបូងដើមឆ្នាំសម្រាប់អនុវត្តផែនការប្រតិបត្តិឆ្នាំ២០២០ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភា។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់លើការកែសម្រួលសន្ទស្សន៍ប្រាក់បៀវត្សថ្មី និងអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតសម្រាប់មន្រ្តីរាជការ។ ចំពោះមុខងារនីតិកម្ម បានរៀបចំ និងចាត់ចែងការងារជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន០២លើក និងប្រជុំពេញអង្គព្រឹទ្ធសភាចំនួន០១លើក បានយ៉ាងល្អប្រសើរ។ រីឯមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចូលរួមរៀបចំវេទិកា និងអម​ដំណើរសមាជិកព្រឹទ្ធសភា ចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពី​សុខទុក្ខ​ដោះស្រាយបញ្ហាប្រឈម ​និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ  និងតាមបណ្តាខេត្ត ក្រុងនានា។ដោយឡែកសម្រាប់មុខងារអភិវឌ្ឍស្ថាប័ន​ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានបញ្ជាក់ថា តាមរយៈ​ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំជំរុញការផ្តល់សេវាឱ្យបានគាប់ប្រសើរ ហើយបន្តខិតខំកែលម្អសេវាទាំងឡាយឱ្យបានប្រើប្រាស់ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាអតិបរមា ដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាស។ ទន្ទឹមនេះ ក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ បានពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព  និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  ដោយរក្សាបាននូវភាពជាដៃគូជាមួយ​បណ្តាប្រទេស បណ្តាសភា  និងដៃគូអភិវឌ្ឍន៍សំខាន់ៗ​ជាច្រើនទៀត។ ក្រៅពីនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យ និងការបន្តបណ្តុះបណ្តាល គឺជាអាទិភាពសម្រាប់ដោះស្រាយចំពោះករណីមន្រ្តីខ្សោយ និងពិបាកដែលចាំបាច់ត្រូវប្រឈមដោះស្រាយដោយស្មារតីទទួលខុសត្រូវ   ទាំងអស់គ្នា។សម្រាប់ខែកុម្ភៈខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ